សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ហ៊ុនសែនចែក​នំ​ពីរ​ដុំ​ឲ្យសមរង្ស៊ីនិងកឹមសុខា

មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ស្វា​គមន៍​អ្នក​គាំ​ទ្រ​​ពេល​ធ្វើ​បាតុកម្ម​​កន្លង​ម​ក។ រូបថត លីណា

ផ្តើម​ចេញ​ពី កម្ពុជា ព្រះ​រាជាណាចក្រ​អច្ឆរិយៈ ធ្វើ​ឲ្យ​រាស្រ្ត​ម្នាក់ៗ​រង​កម្ម រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​នៅ​ក្រោយ​ពេល​បោះឆ្នោត។ សម្រាប់​អាណត្តិ ទី​៥ នេះ​ក៏​មិន​ខុស​ពី​មុនៗ​ដែរ អស់​រយៈ​ពេល​ជិត ៩ ខែ​កន្លង​ទៅ រាស្រ្ត​ទន្ទឹង​មើល​ផ្លូវ​ថា​បាន​ធូរ​ស្រាល ព្រោះ​អី​ឮ​ថា “ប្រសើរ​ជាង​មុន​ហើយ ខិត​ជិត​គ្នា​ហើយ បាន​សម្រេច ៨០ ភាគរយ​ហើយ...។ល។” តែ​ធាតុ​ពិត អ្នក​នយោបាយ​នៅ​តែ​កុហក​រាស្រ្ត ចំណែក​រាស្រ្ត​នៅ​តែ​ជឿ​អ្នក​នយោបាយ។

មាន​គ្រប់​រសជាតិ ក្រោយ​ពី​ការ​បោះឆ្នោត ២៨ កក្កដា ២០១៣ មក​នេះ មាន​ទាំង​ការ​សប្បាយ ព្រោះ​ទទួល​បាន​សំឡេង​កើន មាន​ទាំង​ការ​ភ័យ​ខ្លាច​បាត់បង់​អំណាច​ព្រោះ​សំឡេង​ឆ្នោត​ធ្លាក់ មាន​ទាំង​ការ​ឈឺចាប់​ព្រោះ​បាត់​បង់​សមាជិក​គ្រួសារ​ត្រូវ​គេ​សម្លាប់ ឬ​ចាប់​ដាក់​គុក​ជាដើម។


ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ទៀត​សោត ក៏​មាន​ការ​គំរាម​ចាប់​មេ​កន្ទ្រាញ​ប្រឆាំង​ដ៏​មហិមា​ដាក់​គុក​ឲ្យ​បាន​មុន​ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដោយ​សារ​លេស​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ និង​បំពាន​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​ក៏​មាន​ព្រឹត្តិ​ការណ៍“ស្រល់​រេ​តាម​ខ្យល់” ដែល​មាន​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​បន្ត​កន្ទុយ​គ្នា ធ្វើ​ញត្តិ​ថ្កោល​ទោស​មេ​កន្ទ្រាញ​ប្រឆាំង ដោយ​មិន​គិត​អំពី​ការ​សើច​ចំអក​ទាំង​មតិ​ជាតិ-អន្តរជាតិ។

 លើស​ពី​នេះ ក្រៅ​ពី​ការ​ចរចា​កម្រិត​ក្រុម​ការងារ ឬ​ក្រុម​បច្ចេកទេស​ពី​មួយ​ទៅ​មួយ​ម្តង​ជា​ពីរ​ដង រហូត​ទៅ​ដល់​មាន​ការ​ចរចា​ជា​លក្ខណៈ​សម្ងាត់ ជា​លក្ខណៈ​ក្រៅ​ផ្លូវ​ការ មាន​រយៈ​ពេល ៤៤ នាទី​រវាង មេ​កន្ទ្រាញ​នៃ​នគរ​យក្ស​ដែល​រាស្ត្រ​ចង់​ទម្លាក់ និង​នគរ​មាណព​ដែល​រាស្ត្រ​ចង់​ឲ្យ​ដឹក​នាំ។

ងាក​មក​មើល​នំ​ពីរ​ដុំ ដែល​លោក ហ៊ុន សែន ចង់​ចែក​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ម្នាក់​មួយ​ដុំ​វិញ​ម្តង។ ដុំ ទី១- ឲ្យ​ភ្លើង​ខៀវ​ថា ខ្លួន​មាន​ឆន្ទៈ​ចង់​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ហើយ​បើ​លោក សម រង្ស៊ី មាន​ឆន្ទៈ​ដូច​ខ្លួន​ទូរស័ព្ទ​មក​ពេល​ណា​ក៏​បាន។ ពេល​ណា​មិន​ធ្វើ មក​ធ្វើ​នៅ​ខណៈ​ពេល​លោក កឹម សុខា មិន​នៅ​ដែល​នេះ​ហើយ​គេ​ហៅ​ថា “ការ​ឆក់​យក​ឱកាស”។ បើ​តាម​មាត់​ចាប​មាត់​ព្រាប ការ​ចរចា​ថ្នាក់​កំពូល លោក ហ៊ុន សែន ចង់​ឲ្យ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ទី​៨ ខែ​មេសា ប៉ុន្តែ​ត្រូវ​ផ្អាក​វិញ ព្រោះ​លោក កឹម សុខា មិន​ព្រម​ចំពោះ​ការ​កំណត់​កាលបរិច្ឆេទ​បោះឆ្នោត។ នៅ​ពេល​មិន​ត្រូវ​រ៉ូវ​គ្នា លោក កឹម សុខា ក៏​ត្រូវ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​តាម​ការ​គ្រោង​ទុក។ ស្រាប់​តែ​នៅ​ថ្ងៃ ទី​៩ មេសា ក៏​មាន​ការ​ចរចា​ក្រៅ​ផ្លូវ​ការ តាម​ទូរស័ព្ទ​រយៈ​ពេល ៤៤ នាទី ហើយ​ទីបំផុត​ដូច​ជា មិន​មាន​អ្វី​ខុស​ប្លែក ដែល​លោក ហ៊ុន សែន បាន​ស្នើ​សម្រាប់​ការ​ចរចា​នៅ​ថ្ងៃ ទី​៨ ខែ​មេសា នោះ​ឡើយ គឺ​នៅ​តែ​ខ្វែង​គំនិត​គ្នា ចំពោះ​កាលបរិច្ឆេទ​បោះឆ្នោត​ឡើង​វិញ​ដដែល ដោយ​គ្រាន់​តែ​ប្តូរ​ពី ខែ​កក្កដា មក ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោយ​មក​ប្តូរ​ពី ខែ​ឧសភា មក ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដដែល។
ដោយ​ដឹង​ថា លោក សម រង្ស៊ី មាន​ជំហរ​នយោបាយ​ទន់​ជ្រាយ ក៏​ធ្វើ​ជា​រំកិល​ថ្ងៃ​បោះឆ្នោត​បន្តិច ដើម្បី​ទុក​ឱកាស​ឲ្យ​លោក សម រង្ស៊ី ដក​ថយ​យក​ទៅ​ពិភាក្សា​ជាមួយ​លោក កឹម សុខា ហើយ​ក៏​ប្រើ​ប្រាស់​ឱកាស​ធ្វើ​ជា​ស្តី​បន្ទោស​ថា លោក សម រង្ស៊ី ជា​ប្រធាន ហេតុ​អី​មិន​ហ៊ាន​សម្រេច បើ​ទោះ​ជា​ដឹង​ថា រាល់​ការ​សម្រេច​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មាន​ការ​ឯកភាព រវាង​ប្រធាន​និង​អនុ​ប្រធាន​ក្តី។ លោក ហ៊ុន សែន ប្រឹង​បន្ទាប​លោក សម រង្ស៊ី និង​លើក​តម្កើង​លោក កឹម សុខា ហើយ​ក៏​ជា​នំ​មួយ​ដុំ ដែល​លោក ហ៊ុន សែន ធ្លាប់​ផ្តល់​ឲ្យ​លោក សម រង្ស៊ី ដើម្បី​ខ្ចី​ដៃ​កម្ចាត់​សម្តេច​ក្រុម​ព្រះ​នៅ ឆ្នាំ​២០០៣ ក្នុង​ការ​ប្តូរ​រដ្ឋ​ធម្មនុញ្ញ ពី ២ ភាគ ៣ មក​ភាគ​ច្រើន​ដាច់​ខាត ឬ​គេ​និយម​ហៅ​ថា ៥០ ភាគរយ បូក​មួយ។
ដុំ ទី២- ការ​លើក​តម្កើង​លោក កឹម សុខា ឲ្យ​លេច​ធ្លោ​ជាង​លោក សម រង្ស៊ី តិច​ឬ​ច្រើន វា​អាច​ធ្វើ​ឲ្យ​ក្នក់​ចិត្ត​ខ្លះ​ចំពោះ​អ្នក​ដែល​មាន​ស្វាមី​ភក្តិ​ចំពោះ​ លោក សម រង្ស៊ី ព្រម​ទាំង​លោក សម រង្ស៊ី ខ្លួន​ឯង​ផង ក៏​មាន​កូន​ចិត្ត​មមៃ​គិត​មិន​តិច​ដែរ​ថា ខ្លួន​ជា​ប្រធាន ប៉ុន្តែ​មាន​ប្រជាប្រិយ​ភាព​តិច​ជាង​លោក កឹម សុខា ជា​អនុ​ប្រធាន​ក្នុង​ស្រទាប់​មហាជន​ទៅ​វិញ។ ម្យ៉ាង​ទៀត​ក៏​អាច​តម្រូវ​ចិត្ត​ដល់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខ្លះ ដែល​កំពុង​បាត់បង់​ប្រយោជន៍​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍​ជាច្រើន​ខែ​ក្រោយ​ពី ​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ហើយ​ចាប់​ផ្តើម​វាយតម្លៃ​មក​លើ​លោក កឹម សុខា និង​សម្លឹង​ប្រយោជន៍ ដែល​ខ្លួន​កំពុង​តែ​បាត់បង់ គឺ​ដោយ​សារ​តែ​លោក កឹម សុខា។
នំ​ទាំង​ពីរ​ដុំ​នេះ គឺ​គ្រាន់​តែ​ជា​ធាតុ​ផ្សំ​ពីរ​ចំណុច​ក្នុង​យុទ្ធសាស្ត្រ “ឌីហ្វីត-DIFID” ដែល ខ ១- គឺ​ចង់ បំបែក​បំបាក់ “Divide” ដោយ​ខ្ចី​ដៃ​លោក សម រង្ស៊ី កម្ចាត់​លោក កឹម សុខា ព្រោះ​មាន​ប្រជាប្រិយ​ច្រើន​ជាង​ខ្លួន។ ខ២- គឺ​ចង់​ធ្វើ​ឲ្យ​លោក កឹម សុខា ស្ថិត​នៅ​ឯកោ “Isolate” ព្រោះ​ខ្លួន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​កូន​ចៅ និង​គណបក្ស ដែល​ធ្វើ​ឲ្យ​ភាព​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​មក​ដល់​បច្ចុប្បន្ន។ នេះ​គ្រាន់​តែ​ជា​ល្បិច​នយោបាយ ដ៏​សាមញ្ញ​បំផុត​ដែល​ធ្លាប់​ប្រើ មួយ​លើក​ជា​ពីរ​លើក​មក​ហើយ ដូច​ជា​បញ្ចេញ​ខ្សែ​អាត់​សំឡេង​អំពី​ការ​សន្ទនា​របស់​លោក កឹម សុខា ដែល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​ក្នុង ឆ្នាំ​២០០៩ ត្រូវ​បែក​គ្នា​វិញ ចំណែក​ពេល​នេះ​គំរាម​បញ្ចេញ​ខ្សែ​អាត់​សំឡេង អំពី​ការ​សន្ទនា​របស់​លោក សម រង្ស៊ី ក្នុង​ការ​ចរចា​សម្ងាត់ ដើម្បី​សាក​ល្បង​មើល ម្តង​ទៀត ក្រែង​លោ​មាន​ប្រសិទ្ធភាព​ដូច​មុន។ ពី​មុន​ប្រកាស​ថា ត្រូវរ៉ូវ​អស់​ហើយ​ជាមួយ​លោក កឹម សុខា នៅ​រង់​ចំា​តែ​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​ឥឡូវ​ស្រាប់​តែ​លើក​ឡើង​ថា ព្រម​ព្រៀង​គ្នា​អស់​ហើយ នៅ​ចាំ​តែ​ឆ្លង​យោបល់​ចុង​ក្រោយ​ពី​លោក កឹម សុខា ទៅ​វិញ...។ល។ សំណួរ​សួរ​ថា តើ​លោក ហ៊ុន សែន បាន​ប្រយោជន៍​អ្វី ធ្វើ​មើល​តែ លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មនុស្ស​ល្ងង់​ពេក ហើយ​នាំ​គ្នា​ចាញ់​ឧបាយកល​ដ៏​រាក់​កំភែល​បែប​នេះ​ទៅ​វិញ?
រឿង​បាន​ប្រយោជន៍​អ្វី វា​មិន​សំខាន់​នោះ​ទេ គ្រាន់​តែ​ធម្មតា នៅ​ក្នុង​យុទ្ធវិធី​នៃ​ការ​ធ្វើ​នយោបាយ នៅ​ក្នុង​ដំណាក់​ចរចា គេ​ត្រូវ​ឲ្យ​ខ្លះ អត់​ខ្លះ អាណា​ទាមទារ​ខ្លាំង ក៏​ឲ្យ​ទៅ បើ​តឹង​ពេក ក៏​បន្ធូរ​ខ្លះ​ទៅ ប៉ុន្តែ ត្រូវ​សម្លឹង​មើល​ឱកាស ដែល​អាច​ជា​កត្តា​សំខាន់​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម​ទៀត មាន​ន័យ​ថា ត្រូវ​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ប្រើ​ឱកាស ទី១- បើ​មិន​ទាន់​មាន​ឱកាស គឺ​ត្រូវ​ចេះ​បង្កើត​ឱកាស ទី២- បើ​មាន​ឱកាស គឺ​ត្រូវ​ចេះ​ឆក់​យក​ឱកាស ទី៣- បើ​ទទួល​បាន​ឱកាស​ហើយ គឺ​ត្រូវ​ចេះ​ប្រើ​ប្រាស់​ឱកាស និង ទី៤- បើ​ឱកាស​ស្ថិត​នៅ​ចំពោះ​មុខ​ហើយ គឺ​ត្រូវ​ចេះ​ស្គាល់​ឱកាស ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ (សូម​មិន​លើក​យក​ឧទាហរណ៍​មក​លម្អិត​បញ្ជាក់​នោះ​ទេ)។ ទោះ​តិច​ឬ​ច្រើន លោក ហ៊ុន សែន នៅ​តែ​ទទួល​បាន​ប្រយោជន៍។ ប្រយោជន៍ ទី១- ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង​ពីរ មាន​ការ​អាក់​អន់​ចិត្ត​នឹង​គ្នា ទោះ​តិច​ក្តី​ច្រើន​ក្តី ពិសេស​សកម្មជន​អ្នក​គាំទ្រ ច្បាស់​ជា​អស់​សង្ឃឹម និង​ខឹង​សម្បា​ខ្លះ​ជាមួយ​មេ​បក្ស ដែល​មាន​ជំហរ​ទន់​ខ្សោយ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន កុហក​ខ្លះ និយាយ​ពិត​ខ្លះ​ក៏​ដោយ។ ប្រយោជន៍ ទី២- ធ្វើ​ឲ្យ​អ្នក​ការ​ទូត និង​ម្ចាស់​ជំនួយ អាច​ទុក​ឱកាស​ដើម្បី​រង់ចំា​មើល​ដោយ​បណ្តោយ​ឲ្យ​ការ​ចរចា​ធ្វើ​ជា​បន្ត​ទៅ​ ទៀត​តាម​ដំណើរ ហើយ​នេះ​ក៏​ជា​កល​ល្បិច យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​ប្រើ​ប្រាស់​អស់ ៤ អាណត្តិ​ទៅ​ហើយ ចំពោះ​អ្នក​ការ​ទូត និង​ម្ចាស់​ជំនួយ​ដើម្បី​រក្សា​អំណាច​មក​ដល់​សព្វ​ថ្ងៃ។
ប្រយោជន៍ ទី៣- ធ្វើ​ឲ្យ​ពេល​វេលា​ចេះ​តែ​អូស​បន្លាយ​ទៅៗ។ បើ​សិន​លោក ហ៊ុន សែន មិន​មាន​ចេតនា​ពិត​ក្នុង​ការ​ចរចា​នេះ​ទេ ប្រយោជន៍ ទី៣ នេះ​ហើយ​ជា​ប្រយោជន៍​ដ៏​ធំ​បំផុត។ មាន​ន័យ​ថា ពន្យារ​ពេល​កាន់​តែ​យូរ គឺ​រឹត​តែ​ប្រសើរ ប៉ុន្តែ​យើង​ផ្អែក​តែ​មួយ​ជ្រុង​ទេ ក្នុង​ករណី​ការ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​ពុំ​មាន​ឧបសគ្គ​ផែ្នក​ហិរញ្ញវត្ថុ។ ចំណុច​នេះ ចង់​បញ្ជាក់​ថា ទី១- CPP អាច​បន្ត​គ្រប់​គ្រង​រដ្ឋ ១ ឆ្នាំ ឬ ២ ឆ្នាំ​ទៅ​មុខ​ទៀត បើ​សិន​ជា​ការ​ចរចា​មិន​ត្រូវ​រ៉ូវ​គ្នា ហើយ​ចេះ​តែ​អូស​បន្លាយ។ ទី២- បើ ១ ឆ្នាំ ឬ ២ ឆ្នាំ​ទៅ​មុខ​ទៀត ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ក៏​ដោយ អ្វីៗ​ហាក់​ដូច​ជា​យឺត​ពេល ព្រោះ​ការ​ទាមទារ​របស់ CNRP កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​បោះឆ្នោត​ឡើង​វិញ ហើយ​កិច្ចការ​ទាំង​នេះ ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ២ ឆ្នាំ ដូច​នេះ​វា​នឹង​ដល់ ឆ្នាំ​២០១៨ សម្រាប់​អាណត្តិ​ថ្មី​តែ​ម្តង ជា​រួម CPP មាន​ឱកាស ដឹក​នាំ​រដ្ឋ ១ អាណត្តិ ៥ ឆ្នាំ​ពេញ។ ទី៣- CPP មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ការងារ​ផ្គាប់​ចិត្ត​រាស្ត្រ​មួយ​ផ្អែក​និង​រៀបចំ​កម្លាំង​ ទប់ទល់​ការពារ ក្នុង​ការ​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ ជា​ពិសេស បាន​ធ្វើ​ឲ្យ CNRP ធ្លាក់​ប្រជាប្រិយ​ភាព ព្រោះ​រាស្រ្ត​មិន​សប្បាយ​ចិត្ត​ជាមួយ ដោយ​សារ​ចាញ់​ល្បិច​លោក ហ៊ុន សែន ក្នុង​ការ​បណ្តែត​បណ្តោយ​ពេល​វេលា និង​ការ​ធ្វើ​សកម្មភាព​តវ៉ា​កន្លង​មក ៥ ឆ្នាំ​គ្មាន​បាន​ផល បាន​ក្លាយ​ជា​អសារ​សូន្យ ដែល​ធ្វើ​ឲ្យ​រាស្ត្រ​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ក្នុង​ការ​គាំទ្រ​បន្ត​ទៅ​ទៀត។
បើ​សិន​ជា​ករណី​លោក ហ៊ុន សែន មាន​ចេតនា​ពិត​ក្នុង​ការ​ចរចា ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​នេះ​មែន​វា​ជា​រឿង​មួយ​ដោយ​ឡែក​ទៀត​ដែល​ខ្ញុំ នឹង​លើក​យក​មក​វិភាគ​នា​ពេល​ក្រោយ ព្រោះ​ថា ចង់​មិន​ចង់​លោក ហ៊ុន សែន ឬ CPP ត្រូវ​ការ​ជីវិត​នយោបាយ​រស់​បន្ត​ទៅ​ទៀត​ដែល​តម្រូវ​ការ ទី១- ជំនួយ​ពី បរទេស និង​គម្រោង​វិនិយោគ ដោយសារ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ក្នុង​ការ​ធានា​និរន្តរភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ។ តម្រូវការ ទី២- ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល ដែល​កើត​ចេញ​ពី​រដ្ឋសភា​ឯកបក្ស។ តម្រូវ​ការ ទី៣- ខ្ចី​ដៃ CNRP ដើម្បី​គ្រប់​សំឡេង ២/៣ អនុម័ត​ច្បាប់​ចំនួន ៣ ក្នុង​វិស័យ​តុលាការ ដែល​សង្ឃឹម​ថា នឹង​អាច​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​បាន​ខ្លះ...។ល។
ជា​អនុសាសន៍៖ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ ដោយ​សារ​នៅ​មាន​បញ្ហា​សេស​សល់​គឺ​ការ​កំណត់​កាលបរិច្ឆេទ​ការ​បោះឆ្នោត​ឡើង​ វិញ ឬ​មុន​អាណត្តិ​បន្ថែម​លើ​អ្វី ដែល​បាន​ព្រម​ព្រៀង​គ្នា ដូច​ជា កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហិរញ្ញវត្ថុ​គណបក្ស​ជាដើម៖ ទី១- គណបក្ស ទំាង​ពីរ ឈប់​និយាយ​អំពី​រឿង​បោះឆ្នោត​ឡើង​វិញ​សម្រាប់​អាណត្តិ ទី៥ នា​ពេល​កន្លង​ទៅ ដែល​មាន​ភាព​ចម្រូង​ចម្រាស ឬ​បោះឆ្នោត​មុន​អាណត្តិ សម្រាប់​អាណត្តិ ទី៦។ ផ្ទុយ​ទៅ​វិញ ចរចា​អំពី​ការ​ធ្វើ​វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ ក្នុង​ការ​បន្ថយ​រយៈ​ពេល​បោះឆ្នោត​ពី ៥ ឆ្នាំ មក ៤ ឆ្នាំ ក្នុង ១ អាណត្តិ ដោយ​រំកិល​ការ​បោះឆ្នោត ឃុំ-សង្កាត់ មក ឆ្នាំ​២០១៦ និង​ការ​បោះឆ្នោត​ជាតិ​មក ឆ្នាំ​២០១៧ ព្រម​ទាំង​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្រ្តី តែ​ពីរ​អាណត្តិ (៨ ឆ្នាំ) ជា​ការ​ស្រេច។ ទី២- គណបក្ស​ទំាង​ពីរ ត្រូវ​មាន​សុច្ឆន្ទៈ​ក្នុង​ការ​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ និង​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ចរចា​ដោយ​កសាង​កិច្ច​ព្រម​ព្រៀម​ នយោបាយ​មួយ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នូវ​អ្វី​ដែល​បាន​ព្រម​ព្រៀង​និង​ចុះ​ហត្ថលេខា​ ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​មហាក្សត្រ និង​ចំពោះ​មុខ​តំណាង​ប្រជា​ពលរដ្ឋ សង្គម​ស៊ីវិល អ្នក​ការ​ទូត​អន្តរជាតិ ។ ទី៣-ទាំង​រដ្ឋសភា ទាំង​រាជ​រដ្ឋាភិបាល គឺជា​ស្ថាប័ន​ចាំ​ផ្ទះ ដោយ​ទទួល​យក​អាសនៈ​បណ្តោះ​អាសន្ន ៥៥-៦៨ ក្នុង​រដ្ឋសភា ដោយ CNRP ចូល​ធ្វើ​សច្ចា​ប្រណិធាន និង​ចូល​កាន់​តំណែង​ដើម្បី​ឲ្យ​រដ្ឋសភា មាន​ធម្មនុញ្ញភាព (ពហុបក្ស) និង​មាន​តុល្យភាព​អំណាច​រវាង​បក្ស​ដឹក​នាំ និង​បក្ស​នៅ​ក្រៅ​រាជ​រដ្ឋាភិបាល។ ចំណែក CPP ត្រូវ​រៀបចំ​សមាសភាព​គណៈ​រដ្ឋ​មន្រ្តី​ថ្មី​ឡើង​វិញ ហើយ​ចូល​មក​សុំ​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា ដើម្បី​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​លក្ខណៈ​ស្រប​ច្បាប់។ ដូច​នេះ គណបក្ស​ទាំង​ពីរ មាន​ពេល​វេលា​គ្រប់​គ្រាន់ ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា ចំពោះ​ការងារ កំណែ​ទម្រង់ ដែល​បាន​ព្រម​ព្រៀង​គ្នា និង​មាន​ពេល​យ៉ាង​តិច ២ ឆ្នាំ ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​គ្នា ដោយ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ពី​សំណាក់ គ.ជ.ប ដែល​គណបក្ស​ទាំង​ពីរ​ទទួល​ស្គាល់​និង​ជា​ពិសេស គឺ​ត្រៀម​ខ្លួន​ទទួល​យក​លទ្ធផល​ពិត “ចាញ់​ដោយ​អស់​ចិត្ត​និង​ឈ្នះ​ដោយ​ថ្លៃ​ថ្នូរ”៕

No comments:

Post a Comment

yes