សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 15, 2012

ពលរដ្ឋ​ស្រុក​មេមត់​ខេត្ត​កំពង់ចាម រិះគន់​គោល​នយោបាយ​ព្រំដែន​រដ្ឋាភិបាល

១១-វិច្ឆិកា-២០១២៖ លោក ស៊ឹង យន់ ពលរដ្ឋ​នៅ​ភូមិ​លាជលើ ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម 
អះអាង​ថា​ដី​របស់​គាត់​ជាង ៣​ហិកតារ ត្រូវ​វៀតណាម ចូល​កាន់​កាប់​អស់​រយៈពេល​ជាង ៥​ឆ្នាំ​កន្លង​មក​ហើយ

ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​មេមត់ អះអាង​ថា គោល​នយោបាយ​តាម​រូបមន្ត​បែប​ធ្មេញ​រណា​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ចាត់​ទុក​ថា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់​បង់​ដី​បន្ថែម​ទៅ​ប្រទេស​វៀតណាម នោះ គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។
ការ​ប្រតិកម្ម​របស់​ពលរដ្ឋ​ម្ចាស់​ដី​នៅ​ឃុំ​ជាំ ស្រុក​មេមត់ នៅ​ពេល​នេះ កើត​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នៅ​រដ្ឋសភា​ថា ការ​កំណត់​ព្រំដែន​តាម​រូបមន្ត​ធ្មេញ​រណា នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ត្រូវ​ខាត​បង់​ទឹក​ដី​ចូល​ទៅ​ប្រទេស​ណា​មួយ​នោះ​ទេ។
លោក ស៊ឹង យន់ រស់នៅ​ភូមិ​លាជលើ ឃុំ​ជាំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ​ឡើយ។ លោក​បន្ត​ថា គោល​នយោបាយ​បែប​ធ្មេញ​រណា​របស់​លោក ហ៊ុន សែន នេះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ចំណេញ​ដី​ណា​មួយ​ពី​ប្រទេស​វៀតណាម នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ មធ្យោបាយ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាត​បង់​ទឹក​ដី​បន្ត​ទៀត​ទៅ​ប្រទេស​វៀតណាម។

លោក ស៊ឹង យន់៖ «ទេ! អា​ហ្នឹង​ស្ដាប់​ទៅ​និយាយ​ហ្នឹង​ក៏​វា​នៅ​តែ​បាត់​ហ្នឹង​រឿង​ដី​នោះ។ មិន​ដើរ​មើល​សោះ ចេះ​តែ​ថា​ចំណេញៗ​តឹង​ណា ខ្ញុំ​មិន​ដឹង​ដែរ ទាល់​តែ​ដើរ​មើល​បាន​ដឹង​ថា​ចំណេញ បាត់ ខាត​បង់​អី តឹង​ណា​តឹង​ណី។ អា​នេះ​បើ​កាត់​តម្រង់​កាត់​តម្រង់ៗ​ទៅ វា​តម្រង់​តែ​វា​ចុះ​ធ្វើ​តែ​វា ខ្មែរ​យើង​មាន​ចុះ​ធ្វើ​ឯណា កាត់​អស់​រលីង ខ្មែរ​យើង​មាន​ចំណេញ​ណា បាត់​ទៅ​វា​ហើយ​នោះ។ អា​ពយៗ​ទៅ​វា​អស់​ទៅ​ហើយ វា​កាត់​តម្រង់​យក​អស់​ហើយ មាន​នៅ​អី​ណា​អត់​ពើ​ខ្មែរ​យើង»
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​លើ​បញ្ហា​នេះ​ពី​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​ថា ពលរដ្ឋ​ពុំ​គួរ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ទឹកដី​ច្រើន​នោះ​ទេ។ លោក​ពន្យល់​ថា ព្រោះ​គោល​នយោបាយ​តាម​រូបមន្ត​ធ្មេញ​រណា​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​ផ្ទាល់​នេះ នឹង​មិន​កាត់​ដី​ភូមិ​ពី​វៀតណាម មក​ឲ្យ​ខ្មែរ ឬ​កាត់​ដី​ខ្មែរ​ឲ្យ​ទៅ​វៀតណាម ដែល​កំពុង​កាន់​កាប់​ជាក់​ស្ដែង​របស់​ពលរដ្ឋ​នោះ​ទេ។ បើ​តាម​លោក ហ៊ុន សែន គោល​នយោបាយ​នេះ​នឹង​រុះរើ​តែ​ខ្សែ​បន្ទាត់​ព្រំដែន​ផ្អែក​តាម​ការ​កាន់​កាប់​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខេត្ត​កំពង់ចាម កម្ពុជា បើ​ផ្អែក​លើ​ផែនទីៗ​ផ្អែក​លើ​ផែនទី​ដែល​យើង​មិន​អាច​កែប្រែ​បាន គេ​ហៅ​ថា​ព្រំដែន​មិន​កែប្រែ។ កម្ពុជា ចូល​ទៅ​វៀតណាម ស្មើ​នឹង ៣៨៥​ហិកតារ អា​ហ្នឹង​គឺ​កម្ពុជា ចូល​ទៅ​វៀតណាម។ ឯ​វៀតណាម ចូល​មក​កម្ពុជា ៨២៥​ហិកតារ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួច​ហើយ​ហ្នឹង​នៅ​ខាង​វៀតណាម។ អ៊ីចឹង រឿង​នៅ​ឃុំ​ចាន់មូល នៅ​បឹង​ជ្រោង បឹង​ស្អីៗ​រង់ចាំ​តែ​ការ​ដោះ​ដូរ​ទេ អត់​ឲ្យ​បង​ប្អូន​ត្រូវ​បាត់​ដី​ទេ កុំ​ទៅ​ព្រួយ​ពេក»
យ៉ាង​ណា​ក៏​ដោយ លោក ប៊ិន សាន ពលរដ្ឋ​រស់នៅ​ឃុំ​ជាំ ច្រាន​ចោល​ដោយ​ចាត់​ទុក​ថា អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​ថ្លែង​នោះ គឺ​គ្រាន់​តែ​ជា​សារ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ភាព​ពិត ដី​ស្រែ​ចម្ការ​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​តាម​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​តែ​បន្ត​រំកិល​ចូល​អស់​ជាច្រើន​ហិកតារ ក្រោយ​ឆ្នាំ​២០០៧៖ «អា​កន្លែង​ហ្នឹង សុទ្ធ​តែ​ដី​ដូច​ថា​ចម្ការ​យើង ដី​ហ្នឹង​ដី​ខ្មែរ​ទាំង​អស់ មិន​មែន​ដី​យួន​ទេ។ អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច ស្រេច​លើ​វា វា​គិត​របស់​វា វា​ថា​របស់​វា យើង​មាន​គិត​ជាមួយ​ណា​របស់​យួន​ហ្នឹង បាន​ថា​អា​ដំឡូង​ហ្នឹង ដី​ខ្ញុំ ប៉ុន្តែ​វា​ព្យួរ​យក​ដាំ ឃើញ​ទេ ឃើញ​ច្បាស់​ភ្នែក​នោះ​ដំឡូង​នោះ»
បើ​តាម​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​កំណត់​ព្រំដែន​ដែល​បាន​រក​ឃើញ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​កន្លង​ទៅ វៀតណាម ត្រូវ​សង​ដី​មក​កម្ពុជា ដែល​បាន​គ្រប់គ្រង​ចូល​ប្រមាណ​ជាង ១២​ពាន់​ហិកតារ។
កសិករ​ឃុំ​ជាំ ប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​យក​ដី​កសិកម្ម​ដែល​វៀតណាម រំលោភ​យក
ប្រជា​កសិករ​ខ្មែរ​រស់នៅ​តាម​បន្ទាត់​ព្រំដែន ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ចោទ​អាជ្ញាធរ​វៀតណាម បាន​រំលោភ​យក​ដីធ្លី និង​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​កសិកម្ម​ជា​កេរដំណែល​ដូនតា​ទៀត​ទេ ទោះ​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​នៅ​តំបន់​នោះ​រួច​ក្តី។
កង្វល់​នេះ ពលរដ្ឋ​រង​គ្រោះ​បាន​អះអាង​ថា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​កំពង់ចាម ឲ្យ​ជួយ​អន្តរាគមន៍ ដែល​មាន​រយៈពេល​កន្លះ​ឆ្នាំ​ទៅ​ហើយ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ ហើយ​ជន​ជាតិ​វៀតណាម ក៏​បាន​មក​ដាំ​ដំណាំ​លើ​ដី​កសិកម្ម​របស់​ខ្លួន​ថែម​ទៀត។

No comments:

Post a Comment

yes