អ្នកសម្តែង ដែលមានពន្លកចេញពីប្រុសស្អាត ប្រចាំស្ថានីយទូរទស្សន៍ CTN ជាកំលោះរាងខ្ពស់ស្រលះ សម្បុរខ្មៅស្រអែម សក់រួញអង្គារដី បែបខ្មែរអង្គរ គឺតារាសម្តែង អ៊ុន សុធា ដែលជាតួអង្គកូនអ្នកមាន ក្នុងខ្សែភាពយន្តភាគប្រចាំស្ថានីយទូរទស្សន៍ ក្នុងរឿង “គូរស្នេហ៍ពីរជាតិ” មានទំនាក់ទំនងជាមួយ សារាយ សក្ខណា ហាក់មិនមានប្រតិកម្មអ្វីថា សក្ខណា មានប្រុសក្មេងឧបត្ថម្ភនោះទេ។
ប្រភពពីអ្នកសិល្បៈបានឲ្យដឹងថា រវាងពួកគេទាំងពីរនាក់ ប្រៀបដូចជាស្រមោច និងស្ករអីចឹង បើគេមិនបានធ្វើការសង្កេតទេ គឺគេមិនដឹងថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាឡើយ ព្រោះអ្នកទាំងពីរបានព្យាយាមបិទបាំងនូវទំនាក់ទំនងរបស់ពួកគេ ជាពិសេសបិទបាំងពីអ្នកកាសែត។
លោក សុធា បានឲ្យដឹងថា “ជាធម្មតាក្នុងកម្មវិធីជួបជុំផ្សេងៗ យើងតែងមានការលេងសើច ហើយជាទូទៅខ្ញុំ ក៏មិនមែនលេងសើចជាមួយតែសក្ខណាដែរ សូម្បីតែកញ្ញា តូតា កញ្ញា ទឹម រដ្ឋា និង តារាស្រីផ្សេងទៀត ក៏ខ្ញុំស្និទ្ធស្នាលជាមួយ។ ដូចនេះ មិនមានអីខុសទេ ហើយណាមួយទៀតក៏មិនចម្លែកដែរ ព្រោះថា បើស្រលាញ់គ្នាមែន គឺខ្ញុំមិនខ្លាចនិងបង្ហាញទេ ព្រោះថាខ្ញុំកំលោះ ហើយសក្ខណានៅក្រមុំ ដូចនេះមិនមានអីប្លែកនោះទេ ” ។
ពេលដែលសួរថា តើលោកមានចំណាប់អារម្មណ៍ និងមានកូនចិត្តលួចស្រលាញ់ សក្ខណា ទេ បន្ទាប់ពីមានអ្នកផ្គូរផ្គងជាមួយនឹង សក្ខណា បែបនេះ?
លោក សុធា បានបន្តថា “សក្ខណា គាត់ជាមនុស្សស្រី ដែលមានចរិកលក្ខណៈរស់រាយរាក់ទាក់ ដែលមានលក្ខណៈជាមនុស្សស្រីពិតៗ ហើយខ្ញុំគិតថា គាត់ពិតជាល្អ ហើយខ្ញុំក៏សប្បាយចិត្ត និងមិនថាអីទេ បើសិនរឿងនេះកើតឡើងពិតមែន ”។
សូមបញ្ជាក់ថា លោក អ៊ុន សុធា ជាប្រុសស្អាតប្រចាំស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធី ស្រីស្រស់ប្រុសស្អាត ប្រចាំឆ្នាំ២០០៦។ បន្ទាប់ពីជាប់ជាប្រុសស្អាត លោកត្រូវបានគេជ្រើសរើសធ្វើជាតួសម្តែង រហូតមកដល់ពេលនេះ លោកថតបានខ្សែភាពយន្តចំនួន ៥ រឿង ហើយខ្សែភាពយន្តទី៦ កំពុងតែបន្តការថតរាល់ថ្ងៃ មានចំណងជើងថា "បេះដួងអ្នកការពារ" នឹងត្រូវចាក់ផ្សាយ បន្ទាប់ពីរឿងគូស្នេហ៍ពីរជាតិ។ លោក សុធា ដើរតួអង្គរក្ស ដែលត្រូវហ្វឹកហាត់ នូវក្បាច់ល្បុក្កតោ ដែលជាក្បាច់គុណបុរាណខ្មែរ៕
CEN
No comments:
Post a Comment
yes